តំណាងគណបក្សទាំងពីរ ថ្លែងក្នុងសន្និសីទកាសែតរួម ក្រោយ កិច្ចប្រជុំកាលពីថ្ងៃចន្ទសប្តាហ៍មុន។ រូបថត ហេង ជីវ័ន |
ភ្នំពេញ ប៉ុស្តិ៍ MONDAY, 17 MARCH 2014
ភ្នំពេញៈ គណបក្សកាន់អំណាចចង់ឲ្យអង្គការឃ្លាំមើលការបោះឆ្នោតដែលមានភាពលម្អៀងឲ្យស្ថិតក្រោមការត្រួតពិនិត្យ ហើយចង់ឲ្យគណបក្សប្រឆាំងយល់ព្រមចំពោះចំណុចនេះ។ នេះបើយោងតាមលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនបានឲ្យដឹងកាលពីម្សិលមិញ នៅមុនកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការកែទម្រង់ការបោះឆ្នោតទ្វេបក្សព្រឹកនេះ។
លោក ជាម យៀប បានថ្លែងថា បើទោះជាមានការវាយប្រហារគ្នាទៅវិញទៅមកដោយពាក្យសម្តីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកាលពីសប្តាហ៍កន្លងទៅ ដែលមានម្តងនោះ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានសន្យាថា នឹងដើរចេញពីកិច្ចពិភាក្សានិងធ្វើបាតុកម្មទៀតក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាបានព្រមព្រៀងពិភាក្សាអំពីការទាមទារសំខាន់ៗរបស់គណបក្សប្រឆាំង។
ប៉ុន្តែ ជាថ្នូរវិញគណបក្សកាន់អំណាចចង់ឲ្យអង្គការឃ្លាំមើលការបោះឆ្នោត ដែលឯកសារស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោត បានគាំទ្រចំពោះការជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា របស់គណបក្សសង្គ្រោះជាតិ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមរយៈច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលដែលគេកំពុងរង់ចាំ។
កាលពីថ្ងៃសុក្រ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមចរចាគណបក្សប្រជាជន បានតបនឹងលិខិតលោក សុន ឆ័យ ថា ព្រមព្រៀងពិភាក្សាលើកំណែទម្រង់នៃស្ថាប័នបោះឆ្នោត។ លោកបន្ថែមថា ភាពអព្យាក្រឹត និងស្មោះត្រង់របស់សង្គមស៊ីវិល [ដែលឃ្លាំមើលការបោះឆ្នោត]» ក៏នឹងត្រូវដាក់លើតុពិភាក្សាផងដែរ។
គណបក្សប្រជាជន បានលើកពីបញ្ហានេះ ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន ប៉ុន្តែ ត្រូវបានច្រានចោលដោយលោក សុន ឆ័យ ថា ជាការគួរឲ្យអស់សំណើច។
លោកជាម យៀប បានបញ្ជាក់ពីម្សិលមិញថា គណបក្សលោកចង់បានច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តោតលើអព្យាក្រឹតភាពនៃអង្គការឃ្លាំមើលការបោះឆ្នោតជាពិសេស។ «ខ្ញុំសូមជម្រាបថា ក្រុមអង្គការសង្គមស៊ីវិលចូលរួមអង្កេតការណ៍បោះឆ្នោត ចោទប្រកាន់ ថា ភាពមិនប្រក្រតីបានកើតឡើង និងតវ៉ាថា យើងបានប្លន់សន្លឹកឆ្នោត។ ដូចនេះ យើងចង់បង្កើតច្បាប់ដើម្បីធានាអព្យាក្រឹតភាពរបស់ពួកគេ»។
ពីដើមខែនេះ មន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងលែងពិភាក្សានឹងអង្គការសង្គមស៊ីវិលអំពីច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលទៀតហើយ។
លោក ព្រាប កុល នាយកនៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំកម្ពុជាថ្លែងថា លោកភ្ញាក់ផ្អើល ដែលគណបក្សប្រជាជនចាត់ទុកបញ្ហានេះថាជាបញ្ហាសំខាន់ដូចគ្នានឹងកំណែទម្រង់គ.ជ.ប»។
លោកថា ការផ្តោតរបស់រដ្ឋាភិបាលលើច្បាប់អង្គការនេះ បង្ហាញច្បាស់ពីចេតនាបង្ក្រាបលើអង្គការសង្គមស៊ីវិល។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោត NICFEC ថ្លែងថា លោកស្វាគមន៍ច្បាប់អង្គការនេះ ដែលនឹងបង្ក្រាបលើអង្គការមិនត្រឹមត្រូវ ព្រោះលោកជឿថា សម្ព័ន្ធដើម្បីកំណែទម្រង់ការបោះឆ្នោតសុទ្ធតែជាអង្គការមិនលម្អៀង។
ទន្ទឹមនេះ លោក សុន ឆ័យ បានថ្លែងថា លោកសង្ឃឹមថា គណបក្សប្រជាជនគួរឈប់លេងសើចតទៅទៀត ក្នុងកិច្ចពិភាក្សានៅថ្ងៃនេះ ហើយថា បញ្ហាទាំងអស់ដែលគេចង់ធ្វើកំណែទម្រង់ បើទោះជាត្រូវដាក់បញ្ចូលច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលក៏ដោយចុះ ក៏ដើម្បីគណៈកម្មការបន្តធ្វើការទៅមុខ។
លោកបានបន្ថែមថា៖ «គណបក្សប្រជាជនមានបញ្ហាបែបនេះ ចំពោះអង្គការដែលហ៊ានរកការពិតអំពីកំហុសរបស់រដ្ឋាភិបាល។ ការរាយការណ៍ពីចំណុចនេះត្រូវបានចាត់ទុកថាជាសត្រូវ»៕