សមត្ថកិច្ចបង្ក្រាបក្រុមកម្មករដែលធ្វើបាតុកម្មនៅព្រឹកថ្ងៃទី០២ មករាកន្លងទៅ។ Siv Channa/RFI |
អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 16 មីនា 2014
សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ rfi
មេធាវីអន្តរជាតិ៥រូបដែលដឹកនាំដោយលោកមេធាវី Richard Rogers កាលពីថ្ងៃសៅរិ៍ម្សិល ម៉ិញនេះ បានចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់បេសកម្មលើកទី១របស់ខ្លួន ក្នុងការមកប្រមូលភស្តុតាង ដើម្បីត្រៀមប្តឹងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។ ក្រុមមេធាវីអន្តរជាតិបានមកប្រមូលភស្តុតាងនៅកម្ពុជារយៈពេល ៦ថ្ងៃ ក្រោមការជួយសំរបសំរួលពីគណបក្សប្រឆាំង។ តែទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាល កម្ពុជា មិនមានការព្រួយបារម្ភនោះទេ ហើយថា នោះគឺជាសិទ្ធិរបស់ពួកគេ។
មេធាវីអន្តរជាតិលោកRichard Rogers និងសហការីចំនួន៥រូបដែលគណបក្សសង្គ្រោះជាតិបានពឹងពាក់នោះបានមកធ្វើការនៅក្នុងប្រទេសកម្ពុជារយៈពេល៦ថ្ងៃគឺដើម្បីប្រមូលភស្តុតាងឧក្រិដ្ឋកម្មបង្កឡើងដោយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ការប្រមូលភស្តុតាងគឺធ្វើឡើងចំពោះព្រឹត្តិការណ៍ដែលកើតមានចាប់តាំងពីឆ្នាំ២០០២រហូតមកដល់សព្វថ្ងៃ។ ភស្តុតាងដែលក្រុមមេធាវីអន្តរជាតិប្រមូលបានទាំងនេះនឹងត្រូវបានដាក់ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។ នេះបើតាមការបញ្ជាក់ពីលោកស្រីមួរសុខហួរតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តបាត់ដំបង។
លោកស្រីមួរសុខហួរបានមានប្រសាសន៍អោយដឹងថាលោកRichard Rogers និងសហការីបានបញ្ចប់បេសកកម្មប្រមូលភស្តុតាងលើកទី១កាលពីថ្ងៃសុក្រនិងបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងវិញកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ។
បើទោះបីជាលោកស្រីមួរសុខហួរមិនបានរៀបរាប់ពីករណីដែលក្រុមមេធាវីអន្តរជាតិបានសិក្សាក្តី ប៉ុន្តែព្រឹត្តិការណ៍នៃការបង្ក្រាប់របស់អាជ្ញាធរនៅក្នុងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅស្ពានអាកាសក្បាលថ្នល់ការបង្ក្រាប់ទៅលើបាតុកម្មកម្មកររោងចក្រនៅមុខវត្តស្ទឹងមានជ័យនិងការបង្ក្រាប់របស់អាជ្ញាធរនៅរោងចក្រសួនកាណាឌីយ៉ាផ្លូវវេងស្រេងដែលនាំទៅដល់ការស្លា ប់និងរបួសកម្មករជាច្រើននាក់នោះគឺស្ថិតនៅក្នុងចំនោមករណីដែលក្រុមមេធាវីអន្តរជាតិទាំងនេះបានកំពុងធ្វើការសិក្សា។
ប៉ុន្តែយ៉ាងណាក៍ដោយលោកផៃស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថារដ្ឋាភិបាលមិនមានការព្រួយបារម្ភណាមួយចំពោះបេសកម្មរបស់ក្រុមមេធាវីអន្តរជាតិទាំងនេះទេ។
គួរបញ្ជាក់ថាក្រោយពេលមានការបង្ក្រាបទៅលើបាតុកម្មដែលបានកើតឡើងកាលពីដើមខែមករានៅម្តុំមុខវត្តស្ទឹងមានជ័យនិងក្រោយមកមានព្រឹត្តិការណ៍បង្ក្រាប់នៅរោងចក្រសួនកាណាឌីយ៉ាមកមេដឹកនាំគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ីនិងលោកកឹមសុខាធ្លាប់បានប្រកាសថាគណបក្សនេះនឹងស្នើទៅកាន់ម េធាវីអន្តរជាតិដើម្បីមកសិក្សាពីករណីវាយបង្ក្រាប់ដោយកំលាំងអាជ្ញាធររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដើម្បីប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ខណៈដែលប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូមកាលពីឆ្នាំ២០០២ស្តីពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ប៉ុន្តែបើតាមលោក ផៃស៊ីផាន មេធាវីទាំងអស់នេះ មិនអាចស៊ើបអង្កេតករណីនៅក្នុងប្រទេសកម្ពុជាបានទេ ដោយសារតែពួកគេមិនស្ថិតនៅក្នុងចំណោមសមាជិកគណៈមេធាវីកម្ពុជា៕