លោក សម រង្ស៊ី នឹងជួបពិភាក្សា ការងារជាមួយ រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី នៅវិមានរដ្ឋសភា អូស្ត្រាលី


ដោយ៖ ដើមអម្ពិល (DAP) 16 March 2014

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស នឹងជួបពិភាក្សា ការងារ ជាមួយលោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០១៤ នៅវិមាន រដ្ឋសភា ក្នុងរដ្ឋធានី Canberra។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤នេះថា នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ នៅ ប្រទេសអូស្រ្តាលី និងប្រទេស ណូវែលសេឡង់ ដែលអមដំណើរដោយ លោកស្រី ជូឡុង សូមួរ៉ា ជាភរិយា, លោក អេង ឆៃអ៊ាង បេក្ខជនជាប់ ឆ្នោតតំរាស្ត្រ និងកញ្ញា កឹម មនោវិទ្យា អគ្គនាយករងទំនាក់ទំនងសាធារណៈ នៃគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏នឹងជួបពិភាក្សាការងារជាមួយសមាជិក គណៈ កម្មាធិការពហុបក្ស នៃសភាអូស្ត្រាលី ទទួលបន្ទុកកិច្ចការបរទេស, ការពារជាតិ និងពាណិជ្ជកម្មផងដែរ។

ប្រភពដដែលបន្តថា តាមការគ្រោងទុក លោក សម រង្ស៊ី ក៏នឹងជួបពិភាក្សាការងារ ជាមួយលោកស្រី Christine Mile មេដឹកនាំគណបក្សបៃតង, លោក Chris Hayes ប្រធានក្រុមអ្នក តំណាងរាស្រ្ត នៃគណបក្សប្រឆាំង និងលោកស្រី Tanya Plibersek អនុប្រធានគណបក្សប្រឆាំង និង ជារដ្ឋមន្ត្រីស្រមោលទទួលបន្ទុកកិច្ចការបរទេស និងសមាជិក សភាជាតិដទៃទៀតផងដែរ។

គួរបញ្ជាក់ថា លោក សម រង្ស៊ី និងគណប្រតិភូអមដំណើររបស់លោក បានចាកចេញពីប្រទេស កម្ពុជា ដើម្បីទៅបំពេញ ទស្សនកិច្ចនៅក្រៅប្រទេសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤៕



Tinggalkan Komentar: