តំណាងគណបក្សទាំងពីរ ធ្វើសន្និសីទកាសែតរួម ក្រោយកិច្ចប្រជុំលើកទី៣ នៅថ្ងៃចន្ទនេះ។ រូបថត ផា លីណា |
Monday, 17 March 2014 15:02 ដោយ៖ដើមអម្ពិល(DAP)
ភ្នំពេញៈ ជាថ្មីម្តងទៀត មន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា ការបោះឆ្នោតមុនអាណត្តិ ដែលកើតឡើងចេញពី ការទាមទារ របស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួននោះ គឺមិនអាចទៅរួចឡើយ ហើយថាសភារបស់កម្ពុជា បានដំណើរការអស់រយៈពេលជាងប្រាំខែមកហើយ។
ឆ្លើយតបទៅនឹងសំនួរ របស់អ្នកសារព័ត៌មាននាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នេះក្នុងសន្និសីទរូមគ្នា បន្ទាប់ពីកិច្ចប្រជុំ ដោយបិទទ្វារជាងបួនម៉ោងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ស្តីអំពីបញ្ហាជុំវិញស្ថាប័ន បោះឆ្នោតនោះ លោកប៊ិន ឈិនបានបញ្ជាក់ថា “សភាធ្វើការបានជិតកន្លះឆ្នាំហើយ ការបោះឆ្នោតឡើងវិញនោះ គឺទៅមិនរួចទេ ព្រោះមាត្រា៧៨នោះគេកំណត់ថារដ្ឋសភាដំណើរហើយគឺប្រាំឆ្នាំ... ប្រាំឆ្នាំបើបោះឆ្នោតឡើងវិញ បានទាល់តែសភាខ្លួនឯងទំលាក់រដ្ឋាភិបាលនោះពីរដងក្នុងរយៈពេល១២ខែ អានោះគឺសភាត្រូវរលាយ ហើយ បោះឆ្នោតឡើងវិញ។ តែក្នុងករណីរបស់យើងនេះគឺវាមិនមានអាហ្នឹងទេ មានតែឆ្នាំ២០១៨ឯណោះ”។
គណបក្សសង្រ្គោះជាតិ បានដឹកនាំធ្វើបាតុកម្មជាច្រើនលើកច្រើនសារ រហូតដល់ផ្ទុះអំពើហិង្សាផង ដើម្បីទាមទារ ឲ្យមាន ការបោះឆ្នោតឡើងវិញ បន្ទាប់ពីគណបក្សនេះ បានសង្កេតឃើញថាការបោះឆ្នោតនីតិកាលទី៥ កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅមិនមានភាពប្រក្រតីនោះ ប៉ុន្តែយ៉ាងណាក្តីការទាមទារនោះ ពុំបានលទ្ធផល ឡើយរហូតមកដល់ពេលនេះ។
ទាក់ទងនឹងបញ្ហាដ៏ស្មុគស្មាញក្នុងស្ថាប័នបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសារមកហើយដើម្បីរក ការកែទម្រង់ប្រព័ន្ធបោះឆ្នោតដែល គណបក្ស សង្រ្គោះជាតិចោទថាមានភាពរញ៉េរញៃនោះ ប៉ុន្តែការពិភាក្សានោះនៅតែមិនទាន់មានពន្លឺច្បាស់លាស់នៅឡើយ។
លោក សុន ឆ័យ ដែលជាប្រធានដឹកនាំនៃកិច្ចប្រជុំមកពីគណបក្សសង្គ្រោះជាតិនោះ បានមានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិនៅតែមិន បោះបង់ចោលឡើយសម្រាប់ការទាមទារ រកយុត្តិធម៌ជូនម្ចាស់ឆ្នោត ហើយ មិនតែប៉ុណ្ណោះបក្សសង្រ្គោះជាតិនៅតែទាមទារការបោះឆ្នោតឡើងវិញដដែល។
លោកសុន ឆ័យ បានបញ្ជាក់ថា ”យើងតែងតែរកការដោះស្រាយ ហើយជម្រើសរបស់យើងនៅតែទាមទារ ឲ្យបង្កើត គណៈកម្មការស្រាវជ្រាវរកការពិតចំពោះការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣កន្លងទៅឬមួយក៏កំណត់ ឲ្យការ បោះឆ្នោតឡើងវិញ ដើម្បីឲ្យមានការបោះឆ្នោតមានឯករាជ្យនិងយុត្តិធម៌ អព្យាក្រឹត្រត្រឹមត្រូវ...... ឲ្យឆ្លុះបញ្ចាំង ការពិតនោះ ថាតើប្រជាពលរដ្ឋជ្រើសរើសគណបក្សណាឲ្យដឹកនាំប្រទេស”។
រដ្ឋសភានីតិកាលទីប្រាំរបស់កម្ពុជាបានបង្កើតឡើងតាំងពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៣ ប៉ុន្តែការបង្កើតនោះមិនត្រូវ បានទទូលស្គាល់ ឡើយពីគណបក្សសង្រ្គោះជាតិរហូតដល់ពេលនេះ ប៉ុន្តែយ៉ាងណាក្តីលោក សុន ឆ័យ បាន បញ្ជាក់ថា ទាក់ទងនឹងការចូលប្រជុំក្នុងរដ្ឋសភានោះ លុះត្រាណាមានការឯកភាពពីថ្នាក់ កំពូលរបស់គណបក្ស ទាំងពីរ ៕