លោក កឹម សុខា បដិសេធ​ការ​ចោទ​ថា​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល


RFA/Den Ayuthea
ដោយ ម៉ម មុនីរតន៍ RFA 2014-03-16

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ ​ថា លោក​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។ លោក កឹម សុខា អះអាង​ថា នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ឡើយ ដែល​គួរ​បដិបក្ខ​របស់​លោក តែង​ព្យាយាម​ចាប់​កំហុស ដើម្បី​ផ្ដួល​រំលំ​លោក​នោះ។

ការ​បដិសេធ​របស់​លោក កឹម សុខា នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួង​មហាផ្ទៃ បាន​ចុះ​ផ្សព្វផ្សាយ​ខ្សែអាត់​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​សប្ដាហ៍​នេះ ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​នៅ​ក្នុង​ខ្សែ​អាត់​នោះ ក្រសួង​មហាផ្ទៃ ចោទ​ថា លោក កឹម សុខា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មីនា ថា លោក​ពុំ​មាន​ការ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ណា​មួយ​ឡើយ ចំពោះ​ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក​របស់​ក្រសួង​មហា​ផ្ទៃ​នេះ។ លោក​ចាត់​ទុក​ថា នេះ​ជា​យុទ្ធសាស្ត្រ​បែប​ប៉ែង​ជើង​ផ្ដួល​ដៃគូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

លោក កឹម សុខា អះអាង​ថា អ្វី​ដែល​លោក​ចេះ​ធ្វើ​នោះ គឺ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​បែប​អហិង្សា។


«សំឡេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១៦ មីនា នេះ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ មីនា នេះ ក្រសួង​មហាផ្ទៃ បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ដែល​រក​ឃើញ​ថា លោក កឹម សុខា ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​សុន្ទរកថា​ពី​រដាច់​ដោយ​ឡែក​ពី​គ្នា​របស់​លោក​​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ខែ​វិច្ឆិកា និង​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​ធ្នូ។

ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា ខ្លឹមសារ​មួយ​ចំនួន​ដែល​លោក កឹម សុខា បាន​បង្ហោះ​នោះ គឺ​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពិតៗ។

យ៉ាង​ណា​ក៏​ដោយ លោក កឹម សុខា ដែល​រង​ការ​ចោទ​ប្រកាន់​នេះ បាន​បដិសេធ ហើយ​ថា នេះ​ជា​វិធី​លាប​ពណ៌​របស់​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក​អះអាង​ថា អ្វី​ដែល​លោក​ប្រាថ្នា​ចង់​បាន​នោះ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា ផ្លាស់ប្ដូរ​ដោយ​ថ្លៃថ្នូរ និង​ប្រកាន់​គោលការណ៍​អហិង្សា​ប៉ុណ្ណោះ។ ហើយ​កិច្ចការ​ជា​ច្រើន​ក្នុង​ពេល​កន្លង​ទៅ គឺ​ជំរុញ​ឲ្យ​អ្នក​គ្រប់គ្រង​រដ្ឋ​ត្រូវ​ប្រកាន់​គោលការណ៍​អហិង្សា និង​អនុវត្ត​គោលនយោបាយ​ប្រជាធិបតេយ្យ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា នេះ​មិន​រាប់​ថា ជា​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ។លោក​អះអាង​ថា ព្រោះ​អ្នក​នយោបាយ​អាច​មាន​សិទ្ធិ​និយាយ​អ្វី​ដើម្បី​ចំណេញ​នយោបាយ​របស់​ខ្លួន លើកលែង​តែ​ចំណុច​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

«សំឡេង»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក កឹម សុខា អះអាង​ថា នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ឡើយ សម្រាប់​ជីវិត​នយោបាយ​របស់​លោក ដែល​ត្រូវ​បាន​គេ​ប៉ុនប៉ង​ដើម្បី​បញ្ចប់ ក្រៅ​ពី​ការ​ចាប់​ខ្លួន និង​ព្យាយាម​ប៉ុនប៉ង​ជា​ជីវិត​របស់​លោក ម្ដង​ជា​ពីរ​ដង​មិន​បាន​សម្រេច ក្នុង​ពេល​កន្លង​ទៅ។មាន​ព្រឹត្តិការណ៍​ជា​ហូរហែ ទាំង​មុន និង​ក្រោយ​លោក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​នៅ​នាទី​ចុង​ក្រោយ​នេះ​ទៀតសោត ព្រឹត្តិការណ៍​ប្រហាក់​ប្រហែល​គ្នា​នេះ បាន​កើត​ឡើង​សា​ជា​ថ្មី​ឡើង​វិញ ដូច​ជា​ទីស្នាក់ការ​ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ធ្លាយ​កញ្ចក់​មុន​ការ​បោះឆ្នោត​ខែ​កក្កដា ត្រូវ​ចាប់​ផ្ដើម។ នៅ​ថ្ងៃ​ទី​៩ មិថុនា មាន​មនុស្ស​រាប់​រាយ​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នក​រស់​ពី​របប​ខ្មែរ​ក្រហម បាន​ប្ដឹង​លោក​ទៅ​តុលាការ ហើយ​រហូត​ធ្វើ​ឲ្យ​សភា​សម្រេច​ជា​ឯកតោ​ភាគី បង្កើត​ច្បាប់​មួយ​ប្រឆាំង​អ្នក​និយាយ​ថា គ្មាន​របប​ខ្មែរ​ក្រហម​ថែម​ទៀត។ ក្រៅ​ពី​នេះ មាន​ស្ត្រី​មេម៉ាយ​បាន​ចេញ​មុខ​​ជា​សាធារណៈ​អះអាង​ថា ជា​ស្ត្រី​កំណាន់​របស់​លោក​ដោយ​លួចលាក់ និង​តាម​អុកឡុក​ស្ទើរ​គ្រប់​ពេល​វេលា​ទៀត​ផង៕

Tinggalkan Komentar: